ខេត្តកែប ៖ ក្នុងថ្ងៃដង្ហែក្បួននៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាឱកាសចុងក្រោយសម្រាប់ឃោសនារកសម្លេងគាំទ្រ គេសង្កេតឃើញមានអ្នកចូលរួមគាំទ្រ ហាក់មានសន្ទុះខ្លាំងក្លា ស្ទើស្មានមិនដល់។ បើតាមការស្ទាបស្ទង់តួលេខក្នុងពេលដង្ហែក្បួនក្នុងអំឡុងពេលបញ្ចប់យុទ្ធនាការឃោសនាក្នុងទឹកដីខេត្តកែបនេះគឺមានមនុស្សចូលរួមគាំទ្ររហូតដល់ជិត១០,០០០នាក់។ ក្នុងព្រឹកនេះដែរ ក៏មានវត្តមាន ឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប និងឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនខេត្តកែប រួមជាមួយក្រុមការងារគណបក្សប្រជាជនគ្រប់មូលដ្ឋានផងដែរ។
ការចូលរួមគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់នេះ ផ្តើមចេញពីស្រទាប់យុវជន យុវនារី ពិសេសប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៃតំបន់ខេត្តកែបទាំងមូល ដែលពួកគាត់តែងតែមានជំនឿរយ៉ាងមុតមាំ លើការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលបានជួយអភិវឌ្ឍន៍ឃុំ សង្កាត់របស់ពួកគាត់ឲ្យមានភាពរីកចម្រើន ពិសេសរក្សាសុខ សន្តិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ក្រៅពីនោះ ក្រុមការងាររបស់គណបក្សប្រជាជនតែងយកចិត្តទុកដាក់ ចុះតាមមូលដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយនឹងការដង្ហែក្បួនឃោសនានេះដែរ នៅតាមដងផ្លូវ និងតាមមុខគេហដ្ឋាននានា ប្រជាពលរដ្ឋក៏បានឈរកាន់ទង់ជាតិនិងទង់បក្សប្រជាជន ដើម្បីគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រោមសម្រែកជ័យឃោស អបអរសាទរចំពោះដំណើរដង្ហែក្បួនឃោសនា របស់គណបក្សប្រជាជន ក្នុងទឹកមុខញញឹម សប្បាយរីករាយផងដែរ។ នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការពេញចិត្តនិងការគាំទ្រដ៏ពេញទំហឹងពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដោយពួកគាត់យល់ច្បាស់ពីសមត្ថភាពដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគុណធម៌របស់បក្សប្រជាជនកម្ពុជាតែមួយគត់។
ដោយសារគណបក្សប្រជាជនកម្ពុជា ឈរលើគ្រឹះដ៏រឹងមាំនិងអនុវត្តតាមគោលការណ៍ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពនោះ ទើបធ្វើឲ្យមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់តំបន់បែបនេះ។
បោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាបាននូវសុខ សន្តិភាព និងការអភិវឌ្ឍន៍៕